ដោយ ទីន ហ្សាការីយ៉ា
2011-05-15
មានសេចក្ដីរាយការណ៍ពីប្រទេសថៃមកថា អាជ្ញាធរថៃបានបើកយុទ្ធនាការចាប់ពលករខុសច្បាប់នៅក្នុងប្រទេសថៃជាបន្តបន្ទាប់ នៅក្នុងរយៈពេលចុងក្រោយនេះ។អតីតមន្ត្រីរាជការនៅខែត្រកោះកុងមួយរូប ដែលបច្ចុប្បន្នធ្វើការជាមេការទូកនេសាទនៅស្រុកខ្លងហ្ស៊ុន លោក ជ័យ សុវណ្ណារ៉ា បានឲ្យដឹងនៅថ្ងៃទី១៥ ថាចាប់ពីដើមខែឧសភា មកទល់ពេលនេះ អាជ្ញាធរថៃ បានចាប់ខ្លួនកម្មករនេសាទខ្មែរចំនួន ៤លើកមកហើយ។ លោក ជ័យ សុវណ្ណារ៉ា បានបញ្ជាក់ថា ចំនួនកម្មករនេសាទខុសច្បាប់ ដែលត្រូវអាជ្ញាធរថៃចាប់ខ្លួន គឺមានចំនួននោះនឹងកើនឡើងថែមទៀតទៀត ៖ "ថៅកែខ្លះ គេខ្វះកម្មករអីអ៊ីចឹងទៅ គេទៅលោះវិញ ៤ ៥នាក់វិញទៅ ទៅដល់គុកធំវាហ្នឹង គឺថៃអត់ឲ្យធានាទេ រង់ចាំថ្ងៃឡើងតុលាការ"។
អ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូរ ប្រចាំខែត្រកោះកុង លោក អ៊ិន គង់ជិត បានមានប្រសាសន៍ថា លោកក៏ទទួលបានព័ត៌មានចាប់ខ្លួននេះដែរ ប៉ុន្តែការចាប់ខ្លួននោះ អាជ្ញាធរថៃមិនសំដៅតែលើកម្មករនេសាទប៉ុណ្ណោះទេ គឺអាជីវករខ្មែរនាំទំនិញលក់ចេញចូលព្រំដែនខ្មែរ-ថៃ ក៏គេចាប់ខ្លួនដែរ ប្រសិនបើពួកគេគ្មានលិខិតឆ្លងដែន។
កាលពីថ្ងៃទី១៤ ឧសភា កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) របស់ថៃ បានចុះផ្សាយថា រដ្ឋាភិបាលថៃគ្រោងនឹងបោសសំអាតពលករខុសច្បាប់នៅក្នុងប្រទេសថៃ បន្ទាប់ពីគេបានផ្ដល់ឱកាសចុងក្រោយដល់ពលករខុសច្បាប់ទាំងអស់ដែលមកពីប្រទេសខ្មែរ ភូមា និងឡាវ ប្រមាណ ២លាននាក់តម្រូវឲ្យចូលខ្លួនចុះបញ្ជីនៅតាមការិយាល័យនានានៃនាយកដ្ឋានការងារថៃ ចាប់ពីថ្ងៃទី១៥ មិថុនា ដល់ថ្ងៃទី១៤ កក្កដា ក្រោយពីបានប្រកាសសេចក្ដីសម្រេចកាលពីថ្ងៃ២៦ មេសាកន្លងទៅ ក្នុងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើក្រុមពលករខុសច្បាប់ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។
មន្ត្រីនាំពាក្យនៃក្រសួងការបរទេសខ្មែរ លោក កុយ គួង បានមានប្រសាសន៍ថា លោកនឹងទាក់ទងទៅមន្ត្រីស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក ដើម្បីរកមធ្យោបាយជួយពលករខ្មែរដែលត្រូវបានថៃចាប់ខ្លួននោះ ៖ "ពាក់ព័ន្ធទៅនឹងពលករយើងត្រូវបានគេឃាត់ខ្លួនដោយប្រការផ្សេងៗ ស្ថានទូត ឬស្ថានកុងស៊ុលយើងប្រចាំនៅទីក្រុងបាងកកហ្នឹង តែងតែចុះទៅផ្ទាល់ ពលករណាពាក់ព័ន្ធទៅការកាត់ទោសចូលប្រទេសគេខុសច្បាប់ ឲ្យមានមេធាវីការពារ ឬទៅតាមផ្លូវច្បាប់"។
លោក កុយ គួង បានលើកឡើងទៀតថា កន្លងមកកម្ពុជាបានបង្កើតគណៈកម្មការចម្រុះនៅទីក្រុងបាងកក ដើម្បីជួយចុះបញ្ជីពលករខ្មែរគ្មានឯកសារ ដើម្បីឲ្យពួកគេមានឯកសារត្រឹមត្រូវតាមច្បាប់។
ប្រធានអង្គការខារ៉ាមកម្ពុជា (CARAM) លោក យ៉ា ណាវុធ បានអំពាវនាវឲ្យរដ្ឋាភិបាលថៃជូនដំណឹងមកដល់រដ្ឋាភិបាលកម្ពុជា អំពីការចាប់ខ្លួនពលករ កម្មករខ្មែរខុសច្បាប់នៅក្នុងទឹកដីថៃ ហើយសូមកុំយកការចាប់ខ្លួនពលករធ្វើជាចំណាប់ខ្មាំង ព្រោះថាជម្លោះខ្មែរ-ថៃ មិនទាក់ទងទៅនឹងកម្មករទាំងអស់នោះទេ ៖ "មកពីថៅកែថៃហ្នឹង លោកចូលចិត្តជួលពលករដែលមិនមានឯកសារ ព្រោះថោកជាងតម្លៃហ្នឹង ហើយវាងាយស្រួលក្នុងការកេងប្រវ័ញ្ច អ៊ីចឹងហើយបើសិនជាកុំឲ្យមានពលករឆ្លងដែនខុសច្បាប់ គឺរដ្ឋាភិបាលថៃហ្នឹង ត្រូវដាក់ទោសទណ្ឌអ្នកជួលពលករខុសច្បាប់ហ្នឹង"។
វិទ្យុអាស៊ីសេរីមិនទាន់ទាក់ទងសុំការបំភ្លឺពីមន្ត្រីស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ ដើម្បីជម្រាបសួរអំពីបញ្ហានេះបានទេ នៅថ្ងៃអាទិត្យ ទី១៥ ឧសភា។
កម្ពុជា និងថៃបានចុះអនុសារណៈយោគយល់គ្នា (MOU) ស្ដីពីការបញ្ជូនពលករតាំងពីឆ្នាំ២០០៣ កន្លងមក។ លោក យ៉ា ណាវុធ បានជំរុញឲ្យភាគីថៃគោរពនូវអនុសារណៈនេះ ដើម្បីរក្សាភាពស្រុះស្រួលគ្នាក្នុងនាមជាប្រទេសជិតខាងគ្នា។
បច្ចុប្បន្នរដ្ឋាភិបាលខ្មែរទើបតែបានរៀបចំឲ្យពលករខ្មែរប្រមាណ ៩ម៉ឺននាក់ឲ្យមានឯកសាររស់នៅស្របច្បាប់ក្នុងចំណោមពលករខ្មែរជាង ២សែននាក់ ដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃដោយគ្មានឯកសារ៕