គេហទំព័របរទេស |
គណបក្សប្រឆាំងសំខាន់របស់ថៃ គឺគណបក្សភឿថៃកាលពីថ្ងៃទី១៦ ឧសភា បានសម្រេចជាឯកច្ឆន្ទជ្រើសរើសលោកស្រីយីង ឡាក់ ស៊ីណាវ៉ាត្រា ជាប្អូនស្រីពៅរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលមានប្រជាប្រិយភាពជាបេក្ខនារីសម្រាប់តំណែងនាយករដ្ឋមន្ត្រី របស់ខ្លួនក្នុងការបោះឆ្នោតទូទៅដែលនឹងរៀបចំឡើងនៅខែកក្កដា ខាងមុខនេះ ។
គណបក្សភឿថៃបានសម្រេចជ្រើសរើសលោកស្រីយីង ឡាក់ ស្ថិតនៅលើគេនៃបញ្ជីឈ្មោះបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតទូទៅក្នុងឱកាសនៃកិច្ចប្រជុំក្រុមប្រឹក្សា ប្រតិបត្តិ និងបណ្តាអតីតសមាជិកសភារបស់ខ្លួន កាលពីរសៀលថ្ងៃទី១៦ ឧសភា ដោយមានលោកស្រីយីងឡាក់ ចូលរួមផងដែរ ។
លោក Chalerm Yubamrung ជាអតីតប្រធានសភាមកពីគណបក្សភឿថៃ ថ្លែងថា លោកមានក្តីរីករាយយ៉ាងខ្លាំង ដែលគណបក្សភឿថៃបានសម្រេចជ្រើសរើសលោកស្រីយីងឡាក់ ជាបេក្ខនារីសម្រាប់តំណែងនាយករដ្ឋមន្ត្រី។
លោកស្រីយីឡាក់ ស៊ីណាវ៉ាត្រា កើតនៅថ្ងៃទី២១ មិថុនា ឆ្នាំ១៩៦៧ ជាកូនពៅក្នុងចំណោមកូនៗ៩នាក់របស់លោក Lert និងលោកស្រី Yindee Shinawatra ។ លោកស្រីទទួលបានសញ្ញាបត្រមហាវិទ្យាល័យផ្នែកវិទ្យាសាស្ត្រ នយោបាយ និងរដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យខេត្តឈៀងម៉ៃ និងសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យរដ្ឋកេនតួគី សហរដ្ឋអាមេរិក ។ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ថ្លែងថា លោកមិនឱ្យមានការចងអឃាតជាមួយអ្នកដែលតាមចងពៀរលោកឡើយ ប្រសិនបើគណបក្សភឿថៃឈ្នះការបោះឆ្នោតនោះ ៕