ដោយ វោហារ ជាតិ
2011-05-13
សង្គ្រាមរវាងកងទាហានថៃ និងកម្ពុជា នៅព្រំដែននៃប្រទេសទាំងពីរ ដែលមានរយៈពេលជិត ៤ ឆ្នាំមកហើយនេះ ត្រូវបានអ្នកសង្កេតការណ៍សន្តិសុខព្រំដែនខ្លះយល់ឃើញថា គឺជាសង្គ្រាមចម្លែក ដែលគេមិនធ្លាប់ជួបប្រទះនៅក្នុងប្រវត្តិសាស្ត្រពិភពលោកកន្លងមក។សង្គ្រាមចម្លែក ព្រោះថា ការវាយប្រហារគ្នានៅព្រំដែនកម្ពុជា-ថៃ ជួនកាលកងទាហានទាំងពីរម្ដងធ្វើជាមិត្ត ម្ដងជាសត្រូវ ដែលពិបាកយល់ រហូតដល់ទៅអ្នកសង្កេតការណ៍ខ្លះគិតថា នេះជាសង្គ្រាមប្រើមន្តអាគមគាថាតាមសម័យបូរាណផង និងសង្គ្រាមប្រើអាវុធទំនើបចម្រុះផង។
មកដល់សតវត្សទី ២១ ទៅហើយ អប្បិយជំនឿ ឬជំនឿលើមន្តអាគមគាថា នៅតែស្ថិតនៅក្នុងបេះដូងប្រជាជនក្នុងតំបន់អាស៊ីមួយចំនួននៅឡើយ ជាពិសេស កងទ័ពខ្មែរ-ថៃ ដែលកំពុងប្រឈមមុខដាក់គ្នានៅសមរភូមិព្រំដែន ក្នុងពេលការប្រយុទ្ធគ្នានៅខេត្តឧត្តរមានជ័យផ្ទុះឡើងជាថ្មីម្ដងទៀត ដែលបណ្ដាលឲ្យភាគីទាំងពីរស្លាប់នឹងរបូសរៀងៗ ខ្លួន។
កាលពីសប្ដាហ៍កន្លងទៅ មានព្រះសង្ឃនិមន្តមកពីទីអារាមចំនួន ៤៤ នៅខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីបួងសួងប្រសិទ្ធីកន្សែងយ័ន្តជាង ៤ ពាន់យ័ន្ត ដើម្បីផ្ដល់ជូនទៅកងទ័ពនៅសមរភូមិព្រំដែនជួរមុខខេត្តព្រះវិហារ។
នៅក្នុងសមរភូមិប្រយុទ្ធនៅព្រំដែនកន្លងមក កងទ័ពទាំងពីរកម្ពុជា-ថៃ ដែលជាប្រទេសភូមិផងរបងជាមួយ និងមានជំនឿសាសនាដូចគ្នា បានបាញ់សម្លាប់គ្នាដោយប្រើអាវុធទំនើបៗ ជាពិសេសភាគីថៃ។ ចំណែកភាគីកម្ពុជាវិញអះអាងថា ថ្វីត្បិតមិនសូវមានអាវុធទំនើបដូចថៃ តែកម្ពុជាមានទឹកចិត្តក្លាហាន តស៊ូប្ដូរជីវិតការពារទឹកដី នឹងមានមន្តអាគមគាថា ការពារខ្លួនពីគ្រាប់រំសេវទំនើបថៃ ហើយមន្តអាគមថែមទាំងអាចផ្ចាញ់ទាហានថៃបានទៀតផង។
ដូចប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសនៅក្រុងភ្នំពេញកាលពីថ្ងៃទី ៤ ឧសភាថា ទាហានថៃនាំគ្នាផ្អើលនឹងពាក្យចចាមអារ៉ាម និងខ្លាចរអាថា ភាគីកម្ពុជាសូត្របាលីមន្ដអាគម អាលម្ពាយ បញ្ជូនពស់វែកទៅតទល់ជាមួយទាហានថៃ ធ្វើឲ្យទាហានថៃភ័យខ្លាច ហើយនាំគ្នាបាញ់ និងគប់គ្រាប់បែក ភ័យស្លន់ស្លោការពារខ្លួនដោយឯកឯង។
លោក ហ៊ុន សែន ៖ «ហើយគេយកអថ័នមកដាក់ដល់ដាក់ប្រញាប់ពេក អថ័ននឹងបែរក្ដិតទៅប្រទេសថៃ។ រួចហើយបន់ស្រន់ពីពេលថ្ងៃដល់ពេលយប់ងាប់ស័ក្ដិ ៤ កន្លះមួយនៅលើថ្មនោះ វាមានរឿងអញ្ចឹង។ ដល់ឥឡូវកំពុងថា កម្ពុជាដាក់មន្តអាគមសុទ្ធតែពស់វែកទៅហើយជាង ២ ម៉ឺនពស់វែកទៅហើយ រហូតដល់អ្នកនាំពាក្យយោធភូមិភាគទី ២ របស់ថៃ និងមេបញ្ជាការយោធភូមិភាគទី ២ របស់ថៃកំពុងប្រកាសថា មិនមែនជារឿងពិតទេ។ ទេអាចមែនណ៎ា! តាក្របី វែកក្របី ហើយតេជោសែននេះឆ្នាំរោង ហើយគឺថា ប្រើពស់ទៅនឹងគឺថា មែនណាអាចមែនណ៎ា»។
ទាក់ទងនឹងជំនឿមន្តអាគមអូមអាមនេះដែរ លោក ញឹក ប៊ុនឆៃ មន្រ្ដីជាន់ខ្ពស់គណបក្ស ហ៊្វុនស៊ិនប៉ិច និងជាអតីតមេទ័ពល្បីមួយរូប ដែលធ្លាប់តស៊ូឆ្លងកាត់សមរភូមិជាង ៣០ ឆ្នាំមកនោះ ថ្លែងថា លោកជឿលើមន្តអាគមណាស់ ព្រោះថា មន្តអាគមនេះបានជួយសង្គ្រោះជីវិតលោកពីគ្រាប់រំសេវ និងគ្រាប់មីនក្នុងសមរភូមិប្រយុទ្ធធំៗ បានច្រើនដង ហើយធ្វើឲ្យលោករួចជីវិតមកទល់សព្វថ្ងៃ។ ជាក់ស្ដែងដូចជាព្រឹត្តិការថ្ងៃ ៥-៦ កក្ដដា ឆ្នាំ ១៩៩៧ ជាដើម។
លោក ញឹក ប៊ុនឆៃ ៖ «ដប់ថ្ងៃមុនខ្ញុំបានទៅព្រំដែនដែរ គឺប្រាសាទតាមាន់ និងតាក្របី។ កន្លែងខ្ញុំនៅចាស់ហើយត្រង់នោះ។ ខ្ញុំបានយកខ្សែគាថា ដែលលោកបានប្រគល់ឱ្យខ្ញុំច្រើនដែរ ខ្ញុំបានយកទៅចែកមេៗ ទាហានដើម្បីពាក់ទៅការពារ។ សម្រាប់ខ្ញុំៗ ជឿមែនទែន។ អ្នកណាដែលមិនជឿខ្ញុំមិនដឹងទេ សម្រាប់ខ្ញុំជឿដោយសារតែខ្ញុំរួចផុតពីគ្រោះថ្នាក់ធំៗ ប្រាំបីប្រាំបួនដងមកខ្ញុំផុតរហូត។ ការផ្ទុះមីនស្អីខ្ញុំផុតរហូត»។
តែលោក លឺ ឡាយស្រេង អ្នកនយោបាយខ្មែរមួយរូប ដែលធ្លាប់ចូលប្រឡូក និងឆ្លងកាត់សង្គ្រាមស៊ីវិលនៅកម្ពុជាមិនចាញ់លោក ញឹក ប៊ុនឆៃ ប៉ុន្មានដែរនោះ ថ្លែងថា នោះគ្រាន់តែជាសំណាងប៉ុណ្ណោះរបស់លោក ញឹក ប៊ុនឆៃ «បើអាគមពូកែចេះចាញ់គេ? បើមានអាគមពូកែចាំបាច់រត់ធ្វើអី?»
ទោះយ៉ាងណាគេសង្កេតឃើញថា យុទ្ធជនខ្មែរឈរជើងនៅព្រំដែនភាគច្រើន ជឿលើកន្សែងយ័ន្ត និងមន្តអាគមនេះ។ យុទ្ធជនមួយរូបឈរជើងនៅតំបន់ច្រកតាថាវ ថ្លែងថាអាចការពារអាយុជវិតពីគ្រាប់កាំភ្លើងរបស់ទាហានថៃបានសក្តិសិទ្ធ បើគោរពតំណមគ្រូបានល្អ ដូចជា កុំជេរ កុំលួចទ្រព្យរបស់គេ កុំហូបសាច់ឆ្កែ កុំមុជក្រោមស្នួខោអាវ កុំយកប្រពន្ធគេជាដើម «មានគឺជួយដាស់ស្មារតីពង្រឹងស្មារតី ហើយយើងមានបាលីអីសូត្រទៅបាត់ញ័រធ្វើឱ្យអារម្មណ៍នឹងនរ»។
ក៏ប៉ុន្តែ ក៏មានយុទ្ធជនខ្លះមិនជឿលើមន្តអាគមនេះទេ ហើយពួកគេយកលេណដ្ឋាន និងក្បួនយុទ្ធសាស្ត្រការពារជីវិតវិញ។ យុទ្ធជនម្នាក់ទៀតដែលកំពុងឈរជើងនៅតំបន់ភ្នំទ្រព្យ បានប្រៀបធៀបជាឧទាហរណ៍ថា តើកន្សែងយ័ន្ត និងគល់ឈើ ឬក៏លេណដ្ឋាន មួយណាអាចទ្រាំទ្រគ្រាប់កាំភ្លើងផ្លោងរបស់ថៃបាន។ យុទ្ធរូបនោះគិតថា មានតែគល់ឈើ និងលេណដ្ឋានទេដែលអាចការពារអាយុជីវិតគេបាន។
ការផ្ទុះអាវុធនៅព្រំដែនខ្មែរ-ថៃ នៅពេលនេះធ្វើឲ្យអ្នកប្រវត្តិសាស្ត្រ និងអ្នកនយោបាយខ្មែរមួយចំនួននឹកឃើញប្រវត្តិសាស្ត្រសង្គ្រាមដ៏ជូរចត់រវាងខ្មែរ និងសៀម កាលពីសម័យដើម ដែលពេលមួយនោះ មានអ្នកតាឃ្លាំងមឿង បានបូជាជីវិតដើម្បីការពារទឹកដីពីការឈ្លានពានរបស់កងទ័ពសៀម។
លោកបណ្ឌិត រស់ ចន្ត្របុត្រ ថ្លែងថា «លោកតា ឃ្លាំងមឿង ក្នុងរឿងព្រេងនោះ គឺលោកបានធ្វើអត្តឃាតលោតចូលទៅក្នុងរណ្ដៅចម្រូង ដើម្បីទៅកកងទ័ពខ្មោច ដើម្បីតស៊ូការឈ្លានពានរបស់កងទ័ពសៀម»។
លោកបណ្ឌិត រស់ ចន្ត្របុត្រ ថ្លែងថា អ្នកតាឃ្លាំងមឿងជាវីរជនស្នេហាជាតិមួយរូបក្នុងចំណោមវីរជនស្នេហាជាតិដទៃៗ ទៀតនៅក្នុងសម័យបូរាណ។
ដោយសារវីរភាពស្នេហាជាតិហ៊ានលះបង់ ដើម្បីទឹកដីដូច្នេះ ទើបអ្នកតាឃ្លាំងមឿង ត្រូវបានកូនខ្មែរជំនាន់ក្រោយៗ មកទៀតគោរពចងចាំក្នុងចិត្តមកទល់សព្វថ្ងៃ។ ទោះយ៉ាងណាក្ដី ជម្លោះព្រំដែនខ្មែរ-ថៃបច្ចុប្បន្ន នៅមិនទាន់ដោះស្រាយនៅឡើយទេ។ អ្នកសង្កេតការណ៍ទំនាស់ព្រំដែនឯករាជមួយចំនួនរំពឹងថា ទំនាស់នេះនឹងបន្តយូរអង្វែងទៅទៀត។
ទន្ទឹមនឹងពេលនេះដែរ អ្នកសង្កេតការណ៍ខ្លះបានសម្ដែងចម្ងល់អំពីយុទ្ធសាស្ត្រដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្ននេះថា ជារូបមន្តមួយប្លែកព្រោះថា ភាគីទាំងពីរម្ដងជាមិត្ត ម្ដងជាសត្រូវ។
គេមិនដែលឃើញមានទាហានណាដូចជាទាហានខ្មែរ និងថៃទេ ដែលបាញ់គ្នាហើយលេងកីឡាជាមួយគ្នា លេងហើយបាញ់គ្នាទៀត រួចហើយហូបបាយមិត្តភាពជាមួយគ្នាវិញ។ ហូបបាយហើយបាញ់គ្នាទៀត ហើយមួយសន្ទុះក្រោយពីបាញ់គ្នាម្ដងហើយម្ដងទៀត នៅពេលនេះទាហានទាំងពីរជនជាតិ បែរជាស្រុះស្រួលគ្នា ហើយក៏បបួលគ្នាចូលដំណេករួមគ្នាយ៉ាងល្អូកល្អឺន៕