[ព្រះនាមដើម] គង់ ឆន
[ព្រះនាមពេញ] ព្រះគ្រូចៅអធិការ ញាណវិរិយោ
[សាមណស័ក្តិ]
[សង្កាត់] គណៈមហានិកាយ
[ប្រសូត] ព.ស.២៤៨៦/គ.ស.១៩៤២
[អនិច្ចធម្ម] ព.ស. ២៥៥៤/គ.ស.២០១០ (៦៨ឆ្នាំ)
[ឋានៈ] ចៅអធិការ (វត្តស្មោង)
[ពី] ព.ស.២៥២៥ - ព.ស. ២៥៥៤ (២៩ឆ្នាំ)
[បន្តពី]
[បន្តដោយ]
| ព្រះជីវប្រវត្តិ |
កុមារ គង់ ឆន កើតនៅព.ស.២៤៨៦ គ.ស.១៩៤២ នៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បិតានាម គង់ ឡុង និងមាតានាម សំ បូរ ជាត្រកូលមន្រ្តីរាជការ មានបងប្អូនបង្កើតចំនួន៨នាក់។ ប្រុស២ និងស្រី៦នាក់។ កុមារ គង់ ឆន ជាកូនទី៦។
| ការសិក្សា |
លុះធំឡើងបន្តិច កុមារ គង់ ឆន ត្រូវបានលោកឪពុក និងអ្នកម្តាយបញ្ជូន ឱ្យទៅរៀនសូត្រនៅក្នុងវត្តជាមួយនឹងព្រះគ្រូ ឱក មោក ដែលស្តិតនៅវត្តស្មោង ឃុំស្មោងខាងជើង ស្រុកកម្ចាយមារ ខេត្តព្រៃវែង។
| ការសាងព្រះផ្នួស |
នៅព.ស.២៥០៣ គ.ស.១៩៦០ យុវជន គង់ ឆន បានចូលបួសជាសាមណេរ បន្ទាប់មក បានបំពេញឧបសម្បទាជាភិក្ខុ នៅវត្តស្វាយអាត់ ឃុំស្វាយអាត់ ស្រុកជ្រៃ ខេត្តព្រៃវែង។ ពីឆ្នាំ ១៩៦០-១៩៦៣ ព្រះតេជគុណ គង់ ឆន បានចូលសិក្សាសាលាធម្មវិន័យ វត្តស្មោង ឃុំស្មោងខាងជើង ស្រុកកម្ចាយមារ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៦៣ នោះផងដែរព្រះតេជគុណ គង់ ឆន បានលាចាកសិក្ខាបទទៅគ្រហស្ថវិញ។
| ជីវិតគ្រួសារ |
នៅឆ្នាំ១៩៦៥ លោក គង់ ឆន បានរៀបអាពាហ៏ពិពាហ៏ជាមួយនឹងអ្នកស្រី ប្រាក់ សាមាន ដោយមានកូនប្រុសស្រីចំនួន៥នាក់ គឺ៖
- ឡុង ច័ន្ទទោង (ស្លាប់)
- ឡុង សាមី (រស់)
- ឡុង ច័ន្ទក្រអូប (ស្លាប់)
- ឡុង ស្រីកា (ស្លាប់)
- ឡុង ឬទ្ធី
| ការសាងព្រះផ្នួសជាលើកទី២ |
ដោយទឹកដោះម្តាយថ្លៃ លោក គង់ ឆន បានរួចផុតពីការសម្លាប់ ហើយក៏បានទុកដាក់កូនទាំង២ ឱ្យនៅជាមួយម្តាយ ហើយក៏បានលាភរិយាសុំទៅបួសតាមការសន្យា។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៧៩ លោក គង់ ឆន បានចូលបួសក្នុងសំណាក់ ព្រះគ្រូឧបជ្ឈាយ៏ ព្រះនាម ឈុន ជឹម គង់នៅវត្តស្វាយអាត់ ឃុំជ្រៃ ស្រុកព្រៃវែង ខេត្តព្រៃវែង។ នៅឆ្នាំ១៩៨០ ទាំងព្រះគ្រូឧបជ្ឈាយ៏ និងសិស្យ គង់ ឆន បានទៅបួសសារជាថ្មីម្តងទៀត នៅវត្តឧណ្ណាលោម នាទីក្រុងភ្នំពេញ ក្រោមសំណាក់ព្រះគ្រូឧបជ្ឈាយ៏ សមេ្តច ទេព វង្ស ដោយព្រះគ្រូឧបជ្ឈាយ៏ឲ្យនាមបញ្ញត្តិថា ញាណវិរិយោ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៨០ វេលាម៉ោង១៧ និង១៥នាទី។ ប៉ុន្មានថ្ងៃក្រោយមក ព្រះតេជគុណ គង់ ឆន ក៏និមន្តត្រឡប់មកកាន់វត្តដើមវិញ (វត្តស្វាយអាត់)។
| សមណស័ក្តិ និងតួនាទីនានា |
នៅឆ្នាំ១៩៨២ ព្រះតេជគុណញាណវិរិយោ គង់ ឆន ត្រូវបានលោកអាចារ្យ គណៈកម្មការវត្តស្មោង ឃុំស្មោងខាងជើង ស្រុកកម្ចាយមារ ខេត្តព្រៃវែង សុំអារាធនាពីព្រះគ្រូឧបជ្ឈាយ៏ព្រះនាម ឈុន ជឹម ដើម្បីឲ្យព្រះអង្គ បានមកគង់នៅវត្តស្មោង ខេត្តព្រៃវែង។ នៅចុងឆ្នាំ១៩៨២ នោះដែរ ព្រះតេជគុណ ញាណវិរិយោ គង់ ឆន បាននិមន្តមកគង់នៅវត្តស្មោង ដោយមានតួនាទីជាព្រះចៅអធិការវត្ត។
នៅឆ្នាំ១៩៨៣ ព្រះតេជគុណ ញាណវិរិយោ គង់ ឆន ត្រូវបានព្រះមេគណខេត្តព្រៃវែង ព្រះនាម ឈុន ជឹម បានតែងតាំងជាអនុគណស្រុកកម្ចាយមារ។ នៅឆ្នាំ១៩៩២ ព្រះតេជគុណ គង់ ឆន បានលាលែងពីមុខដំណែងជាព្រះអនុគណ ស្រុកកម្ចាយមារ មូលហេតុដោយព្រះអង្គមានការមមាញឹកច្រើនក្នុងកិច្ចការកសាងវត្ត ហើយមិនបានបំពេញ តួនាទីឲ្យបានគ្រប់គ្រាន់។
ពីឆ្នាំ១៩៨២-២០១០ ព្រះតេជគុណ ញាណវិរិយោ គង់ ឆន មានតួនាទីជាព្រះចៅអធិការវត្ត ស្មោង ឃុំស្មោងខាងជើង ស្រុកកម្ចាយមារ ខេត្តព្រៃវែង។
| ស្នាព្រះហស្ថ |
អំពីស្នាព្រះហស្ថ ដែលព្រះតេជគុណ ញាណវិរិយោ គង់ ឆន បានចូលរួមកសាងក្នុងព្រះពុទ្ធសាសនា និងសង្គមជាតិ ក្នុងរយៈពេលដែលព្រះអង្គទ្រង់ព្រះផ្នួស សម្រេចបានលទ្ធផលដូចខាងក្រោម៖
- ដឹកនាំកសាងព្រះវិហារ, កុដិ, ឧបដ្ឋានសាលា, សាលាបាលី, ជីកស្រះ, អណ្តូងទឹក, បន្ទប់ទឹក, បង្គន់អនាម័យ, របងវត្ត, ជាវដីពង្រីកវត្ត
- ដឹកនាំកសាងសាលារៀនអនុវិទ្យាល័យកម្ចាយមារ១ខ្នង ខេត្តព្រៃវែង
- ដឹកនាំកសាងសាលារៀនបឋមសិក្សាស្មោង២ខ្នង
- កសាងខ្លោងទ្វារសាលាបឋមសិក្សាស្មោង, ជាវដី១ហិកតា ពង្រីកសាលាបឋមសិក្សាស្មោង -ដាំដើមឈើ។ល។
ព្រះតេជគុណ ញាណវិរិយោ គង់ ឆន ចាប់ផ្តើមអាពាធនៅខែកក្កដា ឆ្នាំ២០១០ ព្រះអង្គបាននិមន្តទៅព្យាបាលនៅទីក្រុងភ្នំពេញ អស់រយៈកាលជាង១ខែ តែហាក់បីដូចជា មិនធូរស្បើយសោះ ព្រះអង្គក៏សម្រេចព្រះទ័យនិមន្តត្រឡប់ទៅវត្តវិញ។ លុះមកដល់ថ្ងៃច័ន្ទ ទី០៦រោច ខែមិគសិរ ឆ្នាំខាល ទោស័ក ព.ស.២៥៥៤ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១០ វេលាម៉ោងប្រមាណជា៥ល្ងាច ស្តេចយមរាជមកឆក់យកជីវិតព្រះអង្គទៅ ដោយបន្សល់ទុកនូវភាពទុក្ខ សោកក្រៀមក្រំ រន្ធត់ សម្រាប់សិស្សានុសិស្ស ក្រុមញាតិសាច់សារលោហិត សិស្សគណ និងពុទ្ធបរិស័ទ មានការនឹករឮក ស្រណោះ អាឡោះអាល័យ និងសោកស្តាយជាទីបំផុត។
| ព័ត៌មានទាក់ទង |