[ឈ្មោះ] លន់ ណុល
[កំណើត] ១៣ វិច្ឆិកា ១៩១៣
[ទីកំណើត] ខេត្តព្រៃវែង
[មរណភាព] ១៧ វិច្ឆិកា ១៩៨៥ (៧២ឆ្នាំ)
[ឋានៈ] ប្រធានាធិបតី (សាធារណរដ្ឋខ្មែរ)
[ពីឆ្នាំ] ១០ មីនា ១៩៧២ ដល់ ០១ មេសា ១៩៧៥
[បន្តពី] ចេង ហេង
[បន្តដោយ] សូ ខាំខូយ
[ឋានៈ] នាយករដ្ឋមន្ត្រី (សាធារណរដ្ឋខ្មែរ)
[ពីឆ្នាំ] ០៩ តុលា ១៩៧០ ដល់ ១១ មីនា ១៩៧២
[ពីឆ្នាំ] ១៤ សីហា ១៩៦៩ ដល់ ០៩ តុលា ១៩៧០ (សង្គមរាស្ត្រនិយម)
[បន្តពី] ប៉ែន នុត
[បន្តដោយ] ស៊ីសុវត្ថិ សិរីមតៈ
[ឋានៈ] នាយករដ្ឋមន្ត្រី (សង្គមរាស្ត្រនិយម)
[ពីឆ្នាំ] ២៥ តុលា ១៩៦៦ ដល់ ០១ ឧសភា ១៩៦៧
[បន្តពី] នរោត្ដម កន្តុល
[បន្តដោយ] សឺន សាន
| ប្រវត្តិ |
លោក លន់ ណុល កើតនៅខេត្តព្រៃវែងនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣។ មាតានាម នួន បិតានាម លន់ ហ៊ិន ជាប្រធានស្រុក នៅខេត្តសៀមរាប និងខេត្តកំពង់ធំ។
| ការសិក្សា |
លោក លន់ ណុល សិក្សានៅសាលា Lycée Chasseloup-Laubat នាទីក្រុងព្រៃនគរ និងបន្ទាប់មកចូលសិក្សាផ្នែកសាលារាជបណ្ឌិតយោធាកម្ពុជា។
| ការចូលរួមនៅក្នុងនយោបាយប្រទេសកម្ពុជា |
លោក លន់ ណុល បានចូលប្រឡូកក្នុងនយោបាយប្រទេសកម្ពុជា តាំងពីសម័យអាណាព្យាបាលបារាំងមកម្ល៉េះ (១៩៣៧)។ គាត់បានធ្វើជាមេធាវី និងបន្ទាប់មកបានធ្វើជាអភិបាលខេត្តក្រចេះ។ ជាបន្តបន្ទាប់លោកក៏បានជិតស្និទ្ធិ និងសម្ដេចព្រះ នរោត្ដម សីហនុ។ នៅឆ្នាំ១៩៥២ លោកបានចូលរួមនៅក្នុងកងទ័ពប្រឆាំងនឹងពួកវៀតមិញ។
ក្រោយឯករាជ្យ លោក លន់ ណុល បានបង្កើតគណបក្សខ្មែរបុណ្ណការចូលរួមបោះឆ្នោត និងក្រោយមកបានចូលរួមជាមួយចលនាសង្គម របស់សម្ដេចព្រះ នរោត្ដម សីហនុ។
| ការងារ និងតំណែងនានា |
ឆ្នាំ១៩៥៥ លោកបានក្លាយជាប្រធានបុគ្គលិកនៅជួរកងទ័ព និងជាមេបញ្ជាការកងទ័ពនាឆ្នាំ១៩៦០ និងធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
នាឆ្នាំ១៩៦៣ លោកបានត្រូវតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងពីឆ្នាំ១៩៦៦ ដល់១៩៦៧ លោកបានបម្រើជានាយករដ្ឋមន្ត្រី។
| ព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៧០ |
លោក លន់ ណុល គឺជាមេដឹកនាំដែលបានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ តាមឯកសារនានាពីគំនិតដំបូងប្រហែលជាមិនមែនរបស់លោក លន់ ណុល ទេ ក៏ប៉ុន្តែប្រហែលជាលោក ស៊ីសុវត្ថិ សិរីមតៈ ដែលត្រូវបានគេជឿជាក់ថាជាអ្នកនៅពីក្រោយរដ្ឋប្រហារនេះដ៏ចម្បង ម្នាក់ ជាពិសេសការយកកាស្សែតសំឡេងមកបង្ខំលោក លន់ ណុល ជាដើម។ល។
នៅយប់ថ្ងៃទី១៧ ខែមីនា លោក ស៊ីសុវត្ថិ សិរីមតៈ រួមនិងនាយទាហាន៣រូបទៀតបានចូលទៅផ្ទះលោក លន់ ណុល បង្ខំឲ្យលោកចុះហត្ថលេខាលើឯកសារមួយចំនួន ពេលនោះ លោក លន់ ណុល ថែមទាំងបានយំផង។ នៅព្រឹកឡើង គឺនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋសភាជាតិក៏បានធ្វើការបោះឆ្នោតទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ ហើយលោក លន់ ណុល ក៏បានឡើងកាន់តំណែងជាប្រមុខរដ្ឋ។ ថ្ងៃទី២៨ និង២៩ ក៏កើតមានចលនាបាតុកម្មប្រឆាំងនឹងការទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ដែលត្រូវបានកងកម្លាំងរបស់លោក លន់ ណុល វាយបង្ក្រាបយ៉ាងចាស់ដៃ។ នាខែតុលា សាធារណរដ្ឋខ្មែរក៏ត្រូវបានបង្កើតឡើង។
| សាធារណរដ្ឋខ្មែរ |
ការទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ និងការបង្កើតរបបសាធារណរដ្ឋខ្មែរគឺជាការអះអាងដែលថាការលើក កម្ពស់អធិបតេយ្យភាព និងបូរណភាពប្រទេសកម្ពុជាពីសង្គ្រាមនៅប្រទេសវៀតណាម តែព្រឹត្តិការណ៍នេះក៏ត្រូវបានបន្ទោសផងដែរថាជាការចាប់ផ្ដើមនៃ សង្គ្រាមនៅប្រទេសកម្ពុជា។
នាខែមេសា ឆ្នាំ១៩៧១ លោក លន់ ណុល បានតែងតាំងខ្លួនឯងជា «សេនាប្រមុខ» តែអំណាចនានាភាគច្រើនបានកាន់កាប់ដោយប្អូនប្រុសរបស់លោកឈ្មោះ លន់ ណុន ដោយសារលោក លន់ ណុល មានជំងឺតាំងពីឆ្នាំ១៩៧០មកម្ល៉េះ។
របបសាធារណរដ្ឋខ្មែរគឺជារបបដែលមិនមានភាពរឹងមាំទេ ជាពិសេសការប្រយុទ្ធជាមួយចលនាខ្មែរក្រហម ជាមួយនឹងភាពខ្សោយរបស់របបនេះ រួមនឹងការពឹងផ្អែកលើប្រទេសអាមេរិកជាដើម។
លោក លន់ ណុល គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំមួយចំនួនទៀតរបស់សាធារណ រដ្ឋខ្មែរដែលត្រូវប្រកាសធ្វើឃាតដោយពួកខ្មែរក្រហម។
| ការនិរទេសខ្លួន និងមរណភាព |
លោក លន់ ណុល បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌូណេស៊ី រួចទៅកោះហាវ៉ៃ។ នាឆ្នាំ១៩៧០ លោកបានផ្លាស់មកទីក្រុង Fullerton រដ្ឋកាលីហ្វ័រញ៉ា និងបានស្លាប់នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៨៥។
| ទស្សនៈនយោបាយ |
ទោះបីលោក លន់ ណុល បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ក៏ដោយ ក៏លោកនៅតែមានភក្ដីភាពចំពោះរបបរាជានិយមដែរ។ បន្ទាប់ពីបានទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ រួចមកលោកបានទៅក្រាបបង្គំដល់ព្រះបាទានៃសម្ដេចព្រះរាជមាតា ស៊ីសុវត្ថិ កុសុមៈ ដើម្បីសុំព្រះអង្គព្រះរាជទានទោស។
លោក លន់ ណុល បានចាត់ទុកខ្លួនឯងជាអ្នកស្នេហាជាតិដ៏ជ្រាលជ្រៅ និងអាថ៌កំបាំងម្នាក់។ ជាអ្នកស្រឡាញ់ជាតិខ្មែរថ្មីនិយមម្នាក់ ដោយមានមហិច្ឆតាចង់រួបរួមជនជាតិខ្មែរទៅកម្ពុជាក្រោម និងនៅដែនដីសុរិន្ទ្រ ដោយអះអាងថាប្រជាជនខ្មែរនឹងមាន៣០លាននាក់ នៅឆ្នាំ២០២០ ហើយឲ្យអ្នកគាំទ្រគាត់ប្រកាន់ខ្ជាប់យុទ្ធសិល្បខ្មែរ។
បើទោះបីជាលោកមានមហិច្ឆតាយ៉ាងដូចនេះក្ដី លោកគឺជាអ្នកមានស្មារតីខ្សោយម្នាក់ជាពិសេសជំងឺស្លាប់មួយចំហៀង ខ្លួនរបស់លោកជាដើម។ នៅពេលដែលលោក Alexander Haig បានប្រាប់ថាប្រទេសអាមេរិក នឹងដកកងទ័ពចេញ ពីប្រទេសកម្ពូជា ដោយមិនជួយដល់កងទ័ពសាធារណរដ្ឋខ្មែរទេ លោក លន់ ណុល បានសម្រក់ទឹកភ្នែក ហើយបានអះអាងថា កម្ពុជាពិតជាមិនមានលទ្ធភាពការពារខ្លួនទេ។ របបសាធារណរដ្ឋខ្មែរក៏ត្រូវបានបញ្ចប់។
| ព័ត៌មានទាក់ទង |