ដោយ ដែន អយុធ្យា
2011-08-26
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រៃវែង បានថ្លែងថា អាជ្ញាធរបណ្តោយឲ្យមានអ្នកលក់ដូរឌីស ឬវីស៊ីឌី (VCD) អាសអាភាសតាមទីផ្សារ តាមហាងកាហ្វេនៅខេត្តព្រៃវែង ជាដើមហេតុនាំឲ្យមានបទល្មើសរំលោភផ្លូវភេទកើនច្រើនក្នុងមូលដ្ឋាន នេះ។លោក ឌឹម ដន មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តព្រៃវែង មានប្រសាសន៍នៅថ្ងៃទី២៦ ខែសីហា ថា ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០១១ បើធៀបនឹងឆ្នាំ២០១០ បទល្មើសហិង្សាក្នុងគ្រួសារ និងបទល្មើសរំលោភផ្លូវភេទនៅខេត្តព្រៃវែង កើនឡើង។
លោកបន្តថា ៨ខែឆ្នាំ២០១១ សមាគមអាដហុក ទទួលបានពាក្យបណ្តឹងទាក់ទងអំពើហិង្សាក្នុងគ្រួសារ និងបទល្មើសរំលោភផ្លូវភេទជាង ៤០ករណី ហើយភាគច្រើននៃបទល្មើសរំលោភផ្លូវភេទកើតឡើងចំពោះកុមារីអាយុក្រោម ដប់ឆ្នាំ។
លោកឲ្យដឹងដែរថា អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសរំលោភផ្លូវភេទកាលពីឆ្នាំ២០១០ សរុបទាំងអស់មាន ៤៧ករណី ក្នុងនោះអំពើហិង្សាក្នុងគ្រួសារមាន ១៥ករណី និងរំលោភផ្លូវភេទចំនួន ៣២ករណី។
លោក ឌឹម ដន បានឲ្យដឹងពីមូលហេតុនាំឲ្យបទល្មើសប្រើហិង្សា និងរំលោភផ្លូវភេទកើតឡើងបណ្តាលមកពីការធ្វើចរាចរណ៍វីឌីអូ អាសអាភាសក្នុងមូលដ្ឋាន និងសីលធម៌សង្គមធ្លាក់ចុះ ៖ «ករណីរំលោភ និងហិង្សានេះ ខ្ញុំគិតថា នៅតែមានចំនួនច្រើន និងភាគច្រើនជាអនីតិជន។ តាមខ្ញុំពិនិត្យទៅ សព្វថ្ងៃនេះវាមានកត្តាច្រើន។ កត្តាទី១ អារ្យធម៌ដែលគេផ្សព្វផ្សាយសព្វថ្ងៃនេះ។ ឧទាហរណ៍ថា ឌីសស៊ិច ឬឌីសអីហ្នឹង ពលរដ្ឋអាចទិញទៅចាក់នៅតាមភូមិមើលបាន តាមទូរស័ព្ទ ឬនៅផ្សារក៏គេមានលក់ដែរ។ អាហ្នឹងហើយជាកត្តាមួយដែលធ្វើឲ្យករណីរំលោភចេះតែទទួលអារ្យធម៌ ហ្នឹងទៅ»។
បន្ថែមលើនេះ លោក ឌឹម ដន បានសំណូមពរដល់អាជ្ញាធរខេត្តព្រៃវែង ត្រូវលុបបំបាត់សកម្មភាពនៃការលក់ដូរឌីស វីស៊ីឌីអាសអាភាស ឬបនស្រី កំពុងធ្វើសកម្មភាពនៅក្នុងមូលដ្ឋានខេត្តព្រៃវែង ឲ្យបានជាស្ថាពរ ប្រយោជន៍ទប់ស្កាត់ ឬឈានដល់លុបបំបាត់អំពើហិង្សា និងបទល្មើសរំលោភផ្លូវភេទទៅថ្ងៃអនាគត។
ទោះយ៉ាងណា មន្ត្រីប៉ូលិសពាក់ព័ន្ធខេត្តព្រៃវែង បានអះអាងថា ឆ្នាំ២០១១នេះ បទល្មើសគ្រប់ប្រភេទ មានដូចជាអំពើហិង្សា ឬបទល្មើសរំលោភផ្លូវភេទជាដើម គឺបានថយចុះបើធៀបឆ្នាំកន្លងទៅ។
លោក ទឹម ផន ស្នងការនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា នៅឆ្នាំ២០១១នេះ បទល្មើសមានដូចជាអំពើហិង្សាក្នុងគ្រួសារ បទល្មើសរំលោភផ្លូវភេទ ឬបទល្មើសឆក់ប្លន់ជាដើម គឺបានថយចុះ មិនមែនកើនច្រើនដូចមន្ត្រីសង្គមស៊ីវិលបានអះអាងនោះទេ។
លោកថា ការថយចុះនៃប្រភេទបទល្មើសក៏ដោយសារតែអាជ្ញាធរគ្រប់ជំនាញអនុវត្ត បានជោគជ័យនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ៥ចំណុច ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
លោក ទឹម ផន ស្នងការនគរបាលខេត្តព្រៃវែង ឲ្យដឹងដូច្នេះ ៖ «ខេត្ត ព្រៃវែង ទប់ស្កាត់បាន។ បទល្មើសក៏មានការថយចុះច្រើន ដូចជាមិនមានទេតាមភូមិ។ កន្លងមកយើងបានបង្ក្រាបជាបន្តបន្ទាប់ ឥឡូវដូចជាមិនមានអីកើតឡើងទៀតទេ»។
លោក ច័ន្ទ ណាប្ញទ្ធិ អធិការក្រុងព្រៃវែង ក៏បានអះអាងថា ទីតាំងប្រព្រឹត្តល្មើសមានដូចជាហាងកាហ្វេស៊ិច ផ្ទះបនស្រី នៅមូលដ្ឋានរបស់លោក អាជ្ញាធរមានវិធានការទប់ស្កាត់រួចហើយ។ លោកសង្កត់ធ្ងន់ថា ទង្វើខុសសីលធម៌សង្គម មានដូចជាបនស្រី ឬហាងកាហ្វេស៊ិច រូបលោកនឹងមិនអនុញ្ញាតឲ្យធ្វើសកម្មភាពនៅមូលដ្ឋានរបស់ទៀតទេទៅ ថ្ងៃអនាគត។
យ៉ាងណាក៏ដោយ លោក ឌឹម ដន មន្ត្រីសមាគមអាដហុក ប្រចាំខេត្តព្រៃវែង បានអះអាងថា បទល្មើសរំលោភផ្លូវភេទ និងបទល្មើសប្រើហិង្សាក្នុងគ្រួសារ បានបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃនៅមូលដ្ឋាននេះ ប៉ុន្តែលោកទទួលស្គាល់ថា បទល្មើសរំលោភសិទ្ធិមនុស្ស និងរំលោភដីធ្លីនាខេត្តព្រៃវែង ឆ្នាំ២០១១ គឺបានថយចុះបើធៀបឆ្នាំ២០១០។
មន្ត្រីសង្គមស៊ីវិលរូបនេះបានបន្តថា នៅមូលដ្ឋាននេះមានសំណុំរឿងបទល្មើសព្រហ្មទណ្ឌជាច្រើនករណី មានដូចជា បទល្មើសរំលោភផ្លូវភេទ និងហិង្សាក្នុងគ្រួសារ ត្រូវបានអាជ្ញាធរខេត្តព្រៃវែង ដោះស្រាយនៅក្រៅប្រព័ន្ធតុលាការ ដែលលោកអះអាងថា ជាទង្វើខុសច្បាប់៕