ដោយ សុខ សេរី
2011-04-15
ពលការិនីមួយចំនួនដែលទៅធ្វើការងារនៅប្រទេសម៉ាទ្បេស៊ី ក្រៅពីមានសេចក្ដីរាយការណ៍ថា បានទទួលរងការរំលោភសិទ្ធិមនុស្ស គឺមានសេចក្ដីរាយការណ៍ថា បានបាត់ខ្លួនដោយមូលហេតុផ្សេងៗ។ប្រជាពលរដ្ឋមួយគ្រួសារនៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១១ បានទទូចសុំឲ្យអង្គការមិនមែនរដ្ឋាភិបាល និងសមត្ថកិច្ចរដ្ឋាភិបាលកម្ពុជា ជួយអន្តរាគមន៍ស្វែងរកកូនស្រីម្នាក់កំពុងតែបាត់ខ្លួននៅក្នុង ប្រទេសម៉ាទ្បេស៊ី រយៈពេលជាង ១ឆ្នាំមកហើយ គ្មានដំណឹងប្រាប់មកក្រុមគ្រួសារនៅកម្ពុជាសោះ។
ពលការិនីរូបនោះមានឈ្មោះ ភឿន ម៉ៅ អាយុ ២៤ឆ្នាំ បានចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសម៉ាទ្បេស៊ី នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១០ កន្លងទៅ តាមរយៈក្រុមហ៊ុននាំចេញពលករឈ្មោះ អេភី ធីអេសអ៊ី & ស៊ី (AP TSE and C) ជាសាខារបស់ក្រុមហ៊ុនស៊ីអាធី (CRT) នៅក្នុងប្រទេសកម្ពុជា។
ឪពុករបស់ពលការិនីរូបនេះ គឺលោក ណាល់ ធឿន អាយុ ៤៨ឆ្នាំ នៅក្នុងភូមិសម្បួរ ឃុំព្រែកសម្បួរ ស្រុកពាមជរ ខេត្តព្រៃវែង បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ ខែមេសាថា លោកព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់កូនស្រី តើស្លាប់ ឬនៅរស់?
លោកបន្តថា ៖ «អំពាវនាវទៅកូនឈ្មោះ ស្រីម៉ៅ បើសិនជានៅកន្លែងណា បើកូនបានស្ដាប់ឮហើយ ក៏ទំនាក់ទំនងមកស្ថានទូត ឬមួយមកកន្លែង Agency ក្រុមហ៊ុនម៉ាទ្បេស៊ី បញ្ជូនកូនមកផ្ទះវិញដោយសុវត្ថិភាព»។ស្តាប់សំឡេង
លោកបានឲ្យដឹងថា ដំបូងទ្បើយកូនស្រីបានសុំមកធ្វើការងារជាកម្មករនៅរោងចក្រកាត់ដេរ នៅទីក្រុងភ្នំពេញ នៅឆ្នាំ២០១០ កន្លងទៅ ប៉ុន្តែក្រោយមកត្រូវបានមេខ្យល់ ធឿន ថន បានអូសទាញទៅធ្វើការងារនៅក្នុងប្រទេសម៉ាទ្បេស៊ីវិញ ដោយមិនបានប្រាប់ឲ្យក្រុមគ្រួសារដឹងជាមុនទេ។ លោកបានដឹងនៅពេលគេនាំចេញដំណើរទៅប្រទេសម៉ាទ្បេស៊ីតែម្ដង ដូច្នេះលោកមិនអាចមានពេលវេលាគ្រប់គ្រាន់ពិចារណារឿងនេះ។
អភិបាលរងស្រុកពាមជរ ខេត្តព្រៃវែង លោក អ៊ី សំអ៊ុល បានមានប្រសាសន៍ថា លោកបានចាត់វិធានការរាយការណ៍រឿងនោះទៅសមត្ថកិច្ចពាក់ព័ន្ធរួចហើយ ៖ «ជាពិសេសពលការិនីតែម្ដង ដែលជាមុខសញ្ញារងគ្រោះច្រើនជាងគេហ្នឹង នៅពេលដែលសម្រេចចិត្តថា ទៅធ្វើជាពលករ ពលការិនីនៅបរទេស សូមមេត្តាទាក់ទងមកអាជ្ញាធរដែនដីភូមិ ឃុំស្រុក ឲ្យបានច្បាស់លាស់កន្លងហើយហ្នឹង ហាក់ដូចជាមិនចង់ឲ្យអាជ្ញាធរដែនដីដឹងទេ»។
លោកបានរាយការណ៍រឿងនេះ ទៅស្នងការរងនគរបាលខេត្តព្រៃវែង និង ប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅខេត្តព្រៃវែង ឲ្យជួយស្វែងរកពលការិនីបាត់ខ្លួននោះ។ ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅខេត្តព្រៃវែង បានរាយការណ៍រឿងនេះទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សរបស់ក្រសួង មហាផ្ទៃ។
លោកបានបញ្ជាក់ថា ក្រុមគ្រួសាររបស់ពលការិនីរូបនេះ មិនមានឯកសារណាមួយទេ គឺក្រុមហ៊ុនជាអ្នករក្សាទុកឯកសារទាំងអស់ ដូច្នេះហើយពិបាកដោះស្រាយរឿងនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១១ កន្លងទៅ បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធនានា បង្ក្រាបក្រុមមេខ្យល់ដែលនាំពលករខុសច្បាប់។
តំណាងក្រុមហ៊ុននាំចេញពលករឈ្មោះ អេភី ធីអេសអ៊ី អែនស៊ី ជាសាខារបស់ក្រុមហ៊ុនស៊ីអាធី លោក ឈុន ឆាយរ៉េន បានមានប្រសាសន៍ថា ៖ «នៅ ទីនោះស្ថានទូតខ្មែរគាត់ប្ដឹងដល់អាជ្ញាធរប៉ូលិសនៅហ្នឹង ដើម្បីតាមរក ប៉ុន្តែប្រហែលជាគេចខ្លួនទៅធ្វើការងារនៅកន្លែងឯកជនណាមួយ អ៊ីចឹងប៉ូលិសពិបាករកមានអ្នកលាក់»។
លោកបានឲ្យដឹងទៀតថា ពលការិនីរូបនេះបានរត់ចេញពីផ្ទះនៅក្នុងប្រទេសម៉ាទ្បេស៊ី ចំនួន ៣ដងមកហើយ។ មកទល់ពេលនេះមិនទាន់មានដំណឹងអំពីមូលហេតុនៃការបាត់ខ្លួន ពលការិនីនោះ និងដឹងថា តើពលការិនីរូបនោះនៅទីណានៅឡើយទេ។
ប្រភពពីអង្គការមិនមែនរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា មានពលករកម្ពុជា បម្រើការងារនៅក្នុងប្រទេសម៉ាទ្បេស៊ី ចំនួនប្រមាណ ២៥.០០០នាក់៕