ដោយ ដែន អយុធ្យា
2011-09-02
អាណាព្យាបាលពលការិនីរងគ្រោះម្នាក់ នៅខេត្តព្រៃវែង បានអំពាវនាវដល់ក្រសួងមានសមត្ថកិច្ច និងមន្ត្រីសង្គមស៊ីវិល ឲ្យជួយស្វែងរកកូនស្រី ដែលធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយបាត់ខ្លួនតែ ថៅកែក្រុមហ៊ុនមិនទទួលខុសត្រូវ។ទាក់ទងបញ្ហានេះ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នឹងជួយបើកការស៊ើបអង្កេត នៅពេលមានបណ្ដឹងរបស់អាណាព្យាបាលពលការិនីរងគ្រោះមកដល់ដៃមន្ត្រី ជំនាញ។
កសិករឈ្មោះ ណាល់ ភឿន រស់នៅភូមិសំបួរ ឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង មានប្រសាសន៍នៅព្រឹកថ្ងៃទី២ ខែកញ្ញាថា កូនស្រីគាត់ឈ្មោះ ភឿន ម៉ៅ អាយុ ២៤ ឆ្នាំ ដែលបានចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន អេ. ភី. ធី. អេស. អ៊ី. អិន. ស៊ី (A.P.T.S.E.N.C) កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១០ បានបាត់ដំណឹង ហើយក្រុមហ៊ុនគេចមិនទទួលខុសត្រូវ។
លោកថា ការបាត់ដំណឹងកូនស្រីនេះ រូបលោកធ្លាប់បានទៅសួរនាំជាមួយ តំណាងក្រុមហ៊ុន អេ. ភី. ធី. អេស. អ៊ី. អិន. ស៊ី មានទីតាំងម្ដុំចម្ការដូង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញជាច្រើនដង។ ប៉ុន្តែ ត្រូវបានតំណាងក្រុមហ៊ុននេះ ឆ្លើយដោះសារថា កូនស្រីរបស់គាត់បានរត់ចេញពីផ្ទះថៅកែ នៅប្រទេសម៉ាឡេស៊ី ដោយមិនបានប្រាប់ម្ចាស់ផ្ទះ។
បុរសឈ្មោះ ណាល់ ភឿន បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធរដ្ឋាភិបាល និងមន្ត្រីសង្គមស៊ីវិល ឲ្យជួយស្រាវជ្រាវរកកូនស្រីរបស់គាត់ ដែលបាត់ខ្លួននៅប្រទេសម៉ាឡេស៊ីនោះ។
លោក ណាល់ ភឿន បន្ថែម៖ «ក្រុមហ៊ុនបានឆ្លើយថា កូនខ្ញុំបានរត់បាត់។ ដូច្នេះ ខ្ញុំមិនជឿថា កូនខ្ញុំរត់បាត់ទេ ពីព្រោះកូនខ្ញុំជាកូនស្រី មិនដែលរត់ទៅណាអត់មានទីពឹងទេ។ សូមអំពាវនាវដល់ក្រសួងមហាផ្ទៃ និងក្រសួងការបរទេសឲ្យជួយខ្ញុំផង។ មិនដឹងវាសនាកូនស្រីខ្ញុំទៅជាយ៉ាងណាទេ ព្រោះទៅដល់ប្រទេសគេបានបាត់ខ្លួន»។
អាណាព្យាបាលរូបនេះបានបន្តថា រូបលោកមានគម្រោងដាក់ពាក្យប្ដឹងថៅកែក្រុមហ៊ុន អេ. ភី. ធី. អេស. អ៊ី. អិន. ស៊ី ទៅក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងអង្គការក្រៅរដ្ឋាភិបាល ឲ្យជួយស៊ើបអង្កេត និងជួយរកយុត្តិធម៌តាមផ្លូវច្បាប់ ទាក់ទងករណី មិនទទួលខុសត្រូវលើករណីបាត់ខ្លួនកូនស្រីរបស់លោក។
លោក អ៊ី សំអុល អភិបាលរងស្រុកពាមជរ មានប្រសាសន៍ថា ករណីបាត់ខ្លួនពលការិនីឈ្មោះ ភឿន ម៉ៅ លោកបានទទួលបណ្ដឹងពីអាណាព្យាបាលជនរងគ្រោះឲ្យជួយអន្តរាគមន៍ និងបានបញ្ជូនសំណុំរឿងទៅស្ថាប័នជំនាញ ឲ្យជួយស៊ើបអង្កេតបន្ត។
លោកថ្លែងថា ករណីបាត់ខ្លួនពលការិនីរងគ្រោះ ឈ្មោះ ភឿន ម៉ៅ នៅប្រទេសម៉ាឡេស៊ី លោកមិនជឿថា ពលការិនីរូបនេះរត់ចេញពីផ្ទះ ដូចតំណាងក្រុមហ៊ុនបានអះអាងនោះទេ។
លោកថា ករណីបាត់ខ្លួនពលការិនី ភឿន ម៉ៅ ស្ថិតក្នុងភាពអាថ៌កំបាំង ទាមទារឲ្យស្ថាប័នពាក់ព័ន្ធជួយមានវិធានការណ៍ និងបើកការស៊ើបអង្កេតជាបន្ទាន់មួយ ៖ «ឯកសារទាំងឡាយខ្ញុំបាន បញ្ជូនទៅមន្ទីរការងារខេត្ត ហើយសូមឲ្យមន្ទីរហ្នឹងជួយស្វះស្វែងរកឈ្មោះ ភឿន ម៉ៅ ហ្នឹង។ ហើយមន្ទីរក៏បានទំនាក់ទំនងទៅខាងនាយកដ្ឋានការជួញដូរមនុស្ស នៅក្រសួងមហាផ្ទៃរួចហើយ។ ខ្ញុំបានជួយច្រើនហើយ ដោយខ្ញុំបានទៅដល់ក្រុមហ៊ុន ដើម្បីស្វះស្វែងរកឯកសារហ្នឹង ពីព្រោះថា មុននឹងយើងប្តឹងក្រុមហ៊ុន យ៉ាងហោចណាស់ក៏យើងបានយល់ដឹងពីកិច្ចការងារហ្នឹងខ្លះដែរ»។
លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា រាល់ការជួញដូរ ឬបាត់ខ្លួនពលករណាម្នាក់ គ្រួសារ ឬអាណាព្យាបាលជនរងគ្រោះ ត្រូវដាក់ពាក្យបណ្ដឹង ប្ដឹងទៅកាន់អាជ្ញាធរមូលដ្ឋាន មកក្រសួងមហាផ្ទៃ ឬស្ថាប័នពាក់ព័ន្ធដទៃទៀត ឲ្យជួយអន្តរាគមន៍បើកការស៊ើបអង្កេត និងស្រាវជ្រាវឲ្យបានឆាប់។
លោក ខៀវ សុភ័គ បន្ថែម ៖ «គាត់ត្រូវជម្រាបជូនមកក្រសួងការបរទេស ឬក្រសួងមហាផ្ទៃ ដើម្បីសហការគ្នា។ ប៉ុន្តែ អ្នកដែលដឹងឮបំផុតនោះ គឺអាជ្ញាធររបស់យើងនៅក្នុងភូមិឃុំហ្នឹងឯង ដើម្បីមានព័ត៌មានច្បាស់លាស់យើងជួយស្វែងរក»។
មន្ត្រីអង្គការ ខារ៉ាម ខែមបូឌា (Caram Cambodia) ជាអង្គការឃ្លាំមើលស្ថានការណ៍ពលករចំណាកស្រុក ចេញទៅធ្វើការងារនៅក្រៅប្រទេស បានឲ្យដឹងថា ពួកគេរង់ចាំទទួលគ្រប់ពាក្យបណ្តឹងទាក់ទងការធ្វើចំណាកស្រុករបស់ ពលករ ឬពលការិនីទៅក្រៅប្រទេស ដែលបាត់ខ្លួន ឬត្រូវបានគេជួញដូរកម្លាំងពលកម្ម រំលោភផ្លូវភេទ ឬរំលោភសិទ្ធិការងារជាដើម។
មន្ត្រីសង្គមស៊ីវិល និងមន្ត្រីរដ្ឋាភិបាល បានអះអាងដូចៗ គ្នាថា ការធ្វើចំណាកស្រុករបស់ពលករពលការិនីខ្មែរចេញរកការងារធ្វើនៅ ក្រៅប្រទេស គឺដោយសារភាពក្រីក្រ និងភាពអត់ការងារធ្វើ ហើយការចេញទៅធ្វើការនៅក្រៅប្រទេសនោះ ត្រូវប្រថុយជាមួយគ្រោះថ្នាក់ជាច្រើន៕