លោក ម៉ក់ កាណេន


[ឈ្មោះ] ម៉ក់ កាណេន
[ឈ្មោះសិល្បៈ] តាសាឡាត់
[កំណើត] ១៩៤២ (អត្តសញ្ញាណប័ណ្ណ ០១ មករា ឆ្នាំ ១៩៤៨)
[ទីកំណើត] ស្រុក កញ្ជ្រៀច ខេត្ត ព្រៃវែង
[ឋានៈ] សិល្បករ (តារាកំប្លែង, អាយ៉ៃ)
[ភរិយា]
លោក ម៉ក់ កាណេន [អានថា៖ ម៉ក់-កា-ណេន] ឬ នាយសាឡាត់ គឺជាតារាកំប្លែង, អាយ៉ៃនាសម័យបច្ចុប្បន្ន។ ទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិ បូរីពេញចិត្ត សង្កាត់ ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។
| ប្រវត្តិ |
តាសាឡាត់ មានឈ្មោះដើម ម៉ក់ កាណេន កើតនៅឆ្នាំ១៩៤២ (ក្នុងអត្តសញ្ញាណប័ណ្ណ ០១ មករា ឆ្នាំ ១៩៤៨ ) ស្ថិតក្នុងភូមិ ពោធិទង ឃុំ កញ្ជ្រៀច ស្រុក កញ្ជ្រៀច ខេត្ត ព្រៃវែង ។ លោកគឺជាកូនទី៦ ក្នុងចំណោមបងប្អូន៨នាក់ ប្រុស៥ ស្រី៣។ ឪពុករបស់លោកឈ្មោះ ម៉ក់ មាស ចំណែកម្ដាយឈ្មោះ ហែម សឹម គាត់ទាំងពីរជាកសិករ ស្លាប់។ លោកមិនមានបងប្អូន ជាប់សាច់ឈាមជាអ្នកសិល្បៈនោះទេ ពោលគឺមានតែលោកម្នាក់គត់។
| ការសិក្សា |
កាលពីលោកមានអាយុ៦ឆ្នាំ ម្ដាយឪពុករបស់លោកបានជញ្ជួនលោកទៅរៀននៅក្នុង “វត្តពោធិទង” ដែលស្ថិតក្នុងភូមិ ពោធិទង ឃុំ កញ្ជ្រៀច ស្រុក កញ្ជ្រៀច ខេត្ត ព្រៃវែង ។ បន្ទាប់មកម្ដាយ ឪពុករបស់លោកបានបញ្ជូនលោក ទៅរៀននៅសាលាបឋមសិក្សា “វត្តមហាលាភ” ស្ថិតក្នុង ឃុំ មហាលាភ ស្រុក កោះសូទិន ខេត្ត កំពង់ចាម ។ ក្រោយពីបញ្ចប់ថ្នាក់បឋមសិក្សា លោកបានបន្តទៅរៀននៅ “វិទ្យាល័យ ព្រះសីហនុខេត្តកំពង់ចាម” ។ លោករៀនបានចប់ថ្នាក់ទី៤ សម័យដើម ដោយមាននិស្ស័យខាងសិល្បៈ លោកក៏ឈប់រៀនមកចូលប្រឡូកសិល្បៈ។ ម្ដាយឪពុករបស់លោក មិនចង់ឲ្យលោកធ្វើជាអ្នកសិល្បៈនោះទេ ពោលគឺចង់ឲ្យធ្វើជាគ្រូបង្រៀនច្រើនជាង ប៉ុន្តែដោយសារតែលោក ជាមនុស្សមាននិស្ស័យខាងសិល្បៈ លោកក៏ចេះតែជម្នះម្ដាយឪពុក រហូតបានចូលសិល្បៈ។
| ការក្លាយជាតារា |
កាលលោករៀននៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម លោកគឺជាមនុស្សចូលចិត្តសិល្បៈផ្នែកបូរាណ ជាពិសេសសិល្បៈអាយ៉ៃរឿង និង កំប្លែង។ នៅក្នុងវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម មានក្រុមសិល្បៈច្រើនក្រុម ប៉ុន្តែមិនមានក្រុមមួយណាដែលមានសមត្ថភាពលើក្រុមរបស់លោកនោះទេ ពោលគឺមានតែក្រុមសិល្បៈរបស់លោក ប៉ុណ្ណោះ។
ក្រោយពីលោកឈប់រៀន នៅខ្ទង់ឆ្នាំ១៩៦៥ លោកបានចូលលេងសិល្បៈជាមួយក្រុមចម្រៀងអាយ៉ៃ ឈ្មោះ អ្នក សុទំ ដែលស្ថិតខាងជើងវត្តទួលទំពូង ក្រុងភ្នំពេញ។
ការលេងសិល្បៈជាមួយអ្នកចម្រៀងអាយ៉ៃអ្នកសុទំ លោកល្បីខាងច្រៀងមានសំឡេងដូចអ្នកចម្រៀងអាយ៉ៃឯក ឈ្មោះ តាសាលួត ។ លោកថា នៅសម័យនោះនរណាក៏ល្បីថា លោកច្រៀងមានសំឡេងដូចអ្នកចម្រៀងអាយ៉ៃឯក តាសាលួត ដែរ។
អានប្រវត្តិលម្អិតនៅគេហទំព័រសប្បាយ
| ជីវិតគ្រួសារ |
លោកធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ ចំនួន៣លើករួចមកហើយ។ លើកទី១ លោករៀបអាពាហ៍ពិពាហ៍ជាមួយ អ្នកស្រី កែវ សំអាត ក្នុងឆ្នាំ ១៩៦៥ ទទួលបានកូន៤នាក់ ប្រុស២ស្រី២ ។ លើកទី២ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ចាន់ លីហ៊ាន ក្នុងឆ្នាំ១៩៨៥ ទទួលបានកូន៣ នាក់ប្រុស២ ស្រី១។ លើកទី៣ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី នូ ឡា សញ្ជាតិអូស្ត្រាលី ក្នុងឆ្នាំ១៩៩០ មិនមានកូននោះទេ។ កូនរបស់លោកបានស្លាប់២នាក់នៅក្នុងរបបខ្មែរក្រហម ចំណែក៥នាក់ផ្សេងទៀតត្រូវបានភរិយារបស់លោក អ្នកស្រី នូ ឡា ជនជាតិអូស្ត្រាលី ធានាទៅរស់នៅឯប្រទេសអូស្ត្រាលីទាំងអស់។
| ស្នាដៃ |
បន្ទាប់ពីលោកបានចូលជាអ្នកសិល្បៈ លោកធ្លាប់បានប័ណ្ណសរសើរច្រើនគួរសម។ ក្នុងនោះ មានទាំងក្នុងសម័យសង្គមរាស្ត្រនិយម និងក្នុងសម័យបច្ចុប្បន្ន ។ នៅសម័យសង្គមរាស្ត្រនិយម លោកធ្លាប់បានប័ណ្ណសរសើរចំនួន២ ដោយនៅក្នុងនោះ លោកធ្លាប់បានទទួលពីអតីតព្រះមហាក្សត្រ នរោត្ដម សីហនុ ១លើក និង ទទួលពីក្រសួងមហាផ្ទៃ១លើក។ ចំណែកនៅសម័យបច្ចុប្បន្នវិញ លោកធ្លាប់បានទទួលប័ណ្ណសរសើរនិងមេដៃកិត្តិយស ៤ទៅ៥ ផងដែរ ។
| វីដេអូ |
តួយ៉ាងការសម្ដែងរបស់លោក ម៉ក់ កាណេន ហៅនាយសាឡាត់៖
ព័ត៌មានទាក់ទង |