អ្នកស្រី ស្វែង សុជាតា


[ឈ្មោះ] ស្វែង សុជាតា
[កំណើត] ០៣ កុម្ភៈ ១៩៨០
[ទីកំណើត] ស្រុកពារាំង, ខេត្តព្រៃវែង
[ឋានៈ] សិល្បករ (តារាសម្ដែង)
អ្នកនាង ស្វែង សុជាតា [អានថា៖ ស្វែង-សុ-ជា-តា] ជាតារាសម្ដែងប្រកបដោយទេពកោសល្យម្នាក់ នាសម័យបច្ចុប្បន្ន។
| ប្រវត្តិ |
អ្នកនាង ស្វែង សុជាតា កើតនៅថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ ១៩៨០ ស្ថិតក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ ឪពុករបស់អ្នកនាងឈ្មោះ សោម ស្វែង ជាគ្រូបង្រៀន បច្ចុប្បន្នមានអាយុ ៨០ឆ្នាំ ចំណែកម្ដាយឈ្មោះ ជា ផង់ ជាកសិករ បច្ចុប្បន្នមានអាយុ ៨០ឆ្នាំ។ អ្នកនាងគឺជាកូនពៅ ក្នុងចំណោមបងប្អូន៣ នាក់ ប្រុស១ ស្រី២។ អ្នកនាង ធ្លាប់មានឈាមជ័រជាអ្នកសិល្បៈ ព្រោះយាយទួតរបស់អ្នកនាង គឺជាអតីតអ្នករាំរបាំនៅក្នុងព្រះបរមរាជវាំង កាលពីសង្គមរាស្ត្រនិយម។ គ្រួសាររបស់អ្នកនាងគឺមានស្ថានភាពមធ្យម ។
| ការសិក្សា |
កាលពីបឋមសិក្សា អ្នកនាងរៀននៅសាលាបឋមសិក្សា”ភូមិត្នោត” ដែលស្ថិតក្នុងភូមិកំណើតរបស់អ្នកស្រីតែម្ដង។ បន្ទាប់ពីបញ្ចប់ថ្នាក់បឋមសិក្សា អ្នកនាងបានបន្តទៅរៀននៅវិទ្យាល័យ “ញឹម វណ្ណដា ពារាំង” ដែលស្ថិតក្នុងទីរួមស្រុកពារាំង ខេត្តព្រៃវែង។ អ្នកនាងរៀននៅវិទ្យាល័យ ញឹម វណ្ណដា ពារាំង ត្រឹមថ្នាក់ទី១០ បន្ទាប់មកអ្នកនាងបានប្ដូរការសិក្សា មករៀននៅ”វិទ្យាល័យ បាក់ទូក”ក្នុងក្រុងភ្នំពេញ នៅឆ្នាំ១៩៩៦។ កាលណោះអ្នកនាងរៀនជាសិស្សបំពេញវិជ្ជា ប៉ុន្តែដោយជាប់រវល់ការងារច្រើនពេកអ្នកនាងក៏ឈប់ទៅវិញ ហេតុនេះអ្នកនាងរៀនមិនបានសញ្ញាបត្របាក់ឌុបនោះទេ។
| ការក្លាយជាតារា |
អ្នកនាងបានបញ្ជាក់ប្រាប់ថា កាលដែលអ្នកនាងរៀននៅ ថ្នាក់ទី១០ ក្នុងវ័យ១៦ឆ្នាំ (ឆ្នាំ១៩៩៦) អ្នកនាងបានប្រលងជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងខេត្តព្រៃវែង ក្នុងកម្មវិធីបវរកញ្ញាឯកទូទាំងប្រទេស។ អ្នកថា នៅឆ្នាំនោះកម្មវិធីប្រលងបវរកញ្ញាឯក ទូទាំងប្រទេសត្រូវបានរំលាយ ដោយមិនត្រូវបានប្រលងថ្នាក់ជាតិនោះទេ។ ក្រោយមកអ្នកនាង បានចូលបម្រើការងារក្នុងភោជនីយដ្ឋានមួយ នៅក្រុងភ្នំពេញ។ កាលណោះការងារដំបូងជាអ្នករត់ តុ ប៉ុន្តែអ្នកនាងធ្វើបានប្រហែលពីរសប្ដាហ៍ ថៅកែបានដំឡើងតួនាទីជាមេការ និងនៅធ្វើបានចំនួន២ឆ្នាំ ក៏ឈប់ទៅវិញ។ បន្ទាប់ពីនោះមក អ្នកនាងត្រូវបានអ្នកចម្រៀងអាយ៉ៃ លោក យស សាត ហៅមកថត ស្ប៉ត អប់រំខ្លីៗ ឲ្យទូរទស្សន៍ជាតិ។នៅឆ្នាំ១៩៩៩ អ្នកនាងត្រូវបានអ្នកដឹងនាំរឿងឈ្មោះ ប្រាក់ ច័ន្ធមន្នី ហៅថតរៀងភាគសម្រាប់ចាក់នៅក្នុងលើកញ្ចក់ទូរទស្សន៍អប្សរាប៉ុសិ៍្តលេខ១១ ដែលមានឈ្មោះថា “នាងលាជនាងលក្ខណ៍”គឺជាខ្សែភាពយន្តដំបូងបង្អស់របស់អ្នកនាង។ បន្ទាប់មកអ្នកនាងក៏មានឱកាស ថតរឿង និងខារ៉ាអូខេជាបន្តបន្ទាប់។ ក្នុងសកម្មភាពសម្ដែង ភាគច្រើនអ្នកនាងត្រូវបានអ្នកដឹកនាំ តម្រូវឲ្យដើរតួកាចឆ្នាស តួជាមេឃុំ ថ្នាក់ដឹកនាំក្រុមហ៊ុនជាដើម។
| ជីវិតគ្រួសារ |
អ្នកនាងបានប្រាប់ថា កាលដែលអ្នកនាងរៀននៅថ្នាក់ទី១០ អ្នកនាងមានស្នេហា ជាមួយអតីតស្វាមីរបស់នាងគឺលោក អេង ប៊ូឡុងដេត ដែលជាកូនអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់។ ស្នេហារបស់អ្នកនាងត្រូវបានឪពុកម្ដាយទាំងសងខាងមិនទទួលស្គាល់នោះទេ ។ ហេតុនេះអ្នកនាង និងអតីតស្វាមី ត្រូវចាកចេញពីផ្ទះរៀងៗខ្លួន មករស់នៅជាមួយបងជីដូនមួយក្នុងក្រុងភ្នំពេញ។
អ្នកនាង បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក អេង ប៊ូឡុងដេត នៅឆ្នាំ២០០០ ទទួលបានកូន៣នាក់ ស្រី១ ប្រុស២ ។ សេចក្ដីស្នេហាដែលឪពុកម្ដាយទាំងសងខាងមិនពេញចិត្តនោះ ប្រព្រឹត្តទៅបានរយៈពេលជាង១០ឆ្នាំ ក្រោយមកអ្នកនាង និងស្វាមី ត្រូវបានចែកផ្លូវគ្នា នៅក្នុងឆ្នាំ ២០១០។ បច្ចុប្បន្នលោក អេង ប៊ូឡុងដេត អតីតស្វាមីរបស់អ្នកនាង បានរៀបអាពាហ៍ពិពាហ៍ភរិយាថ្មីមួយទៀត ចំណែកអ្នកនាងមិនទាន់គិតគូររឿងនោះនៅឡើយទេ។
អ្នកនាងបានបញ្ជាក់ថា ស្នេហាគឺគ្រាន់តែជាការលេងសើចនៅក្នុងជីវិតរបស់អ្នកនាងតែប៉ុណ្ណោះ គ្មានអ្វីស្ថិតស្ថេរនោះទេ ហេតុនេះអ្នកនាងមិនចង់ឲ្យកើតមាន ជាលើកទី២ មកលើជីវិតអ្នកនាងទៀតទេ។ អ្វីដែលអ្នកនាង ត្រូវគិតទៅថ្ងៃខាងមុខ គឺអ្នកនាងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីកូនៗរបស់អ្នកនាង និងសិល្បៈប៉ុណ្ណោះ។
| ស្នាដៃ និងពានរង្វាន់ |
អ្នកនាងបានប្រាប់ថា ចាប់តាំងពីអ្នកនាងប្រឡូកក្នុងវិស័យសិល្បៈ អ្នកនាងបានថតរឿងច្រើនគួរសម ដែលមានមិនតិចជាង១០០រឿងនោះទេ។ ចំពោះខារ៉ាអូខេ និងស្ប៉តពាណិជ្ជកម្មវិញក៏កាន់តែច្រើនផងដែរ ។ រឿងដែលល្បីជាងគេមានដូចជា “តេជោដំឌិន” “កូនស្ដេចដំរីស”  “ទឹកចិត្តគ្រូបង្រៀន”  “ផ្កាដុះលើថ្ម”  “មរណមាតា “, ” ភូមិគ្រឹះចម្លែក “, និងរឿង ” រាជិនីបញ្ញាពណ៌ “ជាដើម។
ការចេញទៅសម្ដែងនៅបរទេស
អ្នកនាងបានប្រាប់ថា អ្នកនាងធ្លាប់ទៅសម្ដែងនៅបរទេសចំនួន៥ប្រទេសនៅក្នុងឆ្នាំ២០០៩ ជាប់ៗគ្នា ក្នុងនោះ មានប្រទេស បារាំង ហូឡង់ បែលហ្ស៊ិក ស្វីស និងប្រទេសអាល្លឺម៉ង់។
អ្នកនាងបានប្រាប់ថា បន្ទាប់ពីអ្នកនាងចាប់ប្រឡូកក្នុងវិស័យសិល្បៈ អ្នកនាងធ្លាប់បានទទួលបានពានរង្វាន់ចំនួន៣ លើករួចមកហើយ ក្នុងនោះទី១ពានរង្វាន់ ថាស មាស ដែលចេញដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឆ្នាំ ២០០៨។ ទី២ ពានរង្វាន់ ដែលចេញដោយផលិតកម្មក្នុងស្រុកមួយ ប៉ុន្តែអ្នកនាង មិនចាំឈ្មោះនោះទេ និងទី៣ ពានរង្វាន់ពីកម្មវិធី អាណាចក្រតារា “ជាតារាឆ្នាសប្រចាំឆ្នាំ២០១១” ដែលរៀបចំដោយ ក្រុមហ៊ុន Sabay។
| វីដេអូ |
តួយ៉ាងការសម្ដែងអាយ៉ៃរបស់អ្នកនាង ស្វែង សុជាតា៖
ព័ត៌មានទាក់ទង |