លោក​ យស សាត

[ឈ្មោះ] យស សាត
[កំណើត] ១៩៣៩
[ទីកំណើត] ស្រុកកំចាយមារ, ខេត្តព្រៃវែង
[មរណភាព] ១០ មិថុនា ២០១២ (៧៣ឆ្នាំ)
[ឋានៈ] សិល្បករ (ចម្រៀងបុរាណ)
[ភរិយា] ជា ថុល
បន្ទាត់
លោក យស សាត [អានថា៖ យស់-សាត] ជាអតីតសិល្បករជើងចាស់ផ្នែកចាប៉ីដងវែងតាំង ពីសម័យសង្គមរាស្ត្រនិយម។
| ប្រវត្តិ |
លោក យស សាត កើតនៅឆ្នាំ១៩៣៩ ក្នុងភូមិ ត្រពាំងក្ដាម ឃុំ ព្រៃទទឹង ស្រុក កំចាយមារ ខេត្ត ព្រៃវែង។ ឪពុកឈ្មោះ យស ឌុច អតីតអ្នកច្រៀងភ្លេងការ ស្លាប់។ ឯម្ដាយឈ្មោះ យស ខាត់ ជាកសិករ ក៏ស្លាប់ដូចគ្នា។ លោកគឺជាកូនទី៧ ក្នុងចំណោមបងប្អូន៧នាក់ ដែលមាន ប្រុស៥ ស្រី៣។
| ការសិក្សា |
តាមការឲ្យដឹងពីភរិយារបស់លោកអ្នកស្រីជា ថុល លោក យស សាត ធ្លាប់ជាកូនសិស្សរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ស្នាក់នៅក្នុង វត្តឧណ្ណាលោម រាជធានីភ្នំពេញ។ លោកបាន បន្តការសិក្សានៅភ្នំពេញ បន្ទាប់ពីលោកបានរៀនចប់ថ្នាក់ នៅឯស្រុកកំណើតរបស់លោក។
| ការក្លាយជាតារា |
បើតាមការឲ្យដឹងពីភរិយារបស់លោក គ្រូដែលបង្ហាត់ឲ្យលោក យស សាត ចេះច្រៀងអាយ៉ៃ គឺស្មៀនឈិន ឪពុករបស់អ្នកចម្រៀងអាយ៉ៃ ឈិន ឈាង ។ លោក យស សាត ធ្លាប់មានឈ្មោះបោះសម្លេង តាំងពីសម័យសង្គមរាស្ត្រនិយម។ ដៃគូ អាយ៉ៃ ដែលសាកសម របស់លោកគឺអ្នកស្រី ណយ សំណាង និង អ្នកស្រី អ៊ុក សូផា ។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ លោកនិងសិល្បករសិល្បការិនី ដែលសេសសល់ពីការកាប់សម្លាប់ បានប្រមែប្រមូលគ្នា បង្កើតឲ្យមានសិល្បៈឡើងវិញ។ បន្ទាប់មកលោកក៏ បានចូលបម្រើការងារក្នុងក្រសួងព័ត៌មាន ជាប្រធាននាយកដ្ឋានសិល្បៈ ។ លោកធ្លាប់និពន្ធ និងដឹកនាំថត ក្នុងកម្មវិធីជាច្រើន នៅក្នុងស្ថានីយទូរទស្សន៍ជាតិ ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានបណ្ដុះបណ្ដាលសិល្បករសិល្បការិនី ជំនាន់ក្រោយបានជាច្រើនផងដែរ។
| ភាពល្បីឈ្មោះ |
លោកធ្លាប់ ទៅសម្ដែងនៅក្នុងសហរដ្ឋអាមេរិកចំនួន២លើក ក្នុងនោះ២០០៦ មួយលើក និង ឆ្នាំ២០០៧ មួយលើក។ ចំពោះគ្រឿងឥស្សរិយយសនិងប័ណ្ណសរសើរវិញ លោកធ្លាប់បានទទួលបានច្រើនលើកច្រើនសា មិនចាញ់អ្នកសិល្បៈជើងចាស់ផ្សេងទៀតនោះទេ ប៉ុន្តែប័ណ្ណសរសើរ ទាំងនោះបាត់អស់មួយចំនួន ដោយសារតែលោកឧស្សាហ៍រើផ្ទះ។។
| ជីវិតផ្ទាល់ខ្លួន |
លោក យស សាត ធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ចំនួន២លើក។ ភរិយាទី១ឈ្មោះ ញឹម សាម៉េន បច្ចុប្បន្នអាយុ៧៣ឆ្នាំ មានកូន៣ នាក់ ប្រុស២ ស្រី១ ស្លាប់ម្នាក់នៅក្នុងរបបខ្មែរក្រហម។ បច្ចុប្បន្នអ្នកស្រី ញឹម សាម៉េន បានបួសជាដូនជីគង់នៅវត្តសំពៅមាស ។ ភរិយាទី២ ឈ្មោះ ជា ថុល បច្ចុប្បន្នអាយុ៥៧ឆ្នាំ មានកូន៧នាក់ ស្រុស៥ ស្រី២។ កូនរបស់ភរិយាទី១ លោកបានរៀបចំទុកដាក់ ឲ្យមានគូស្រករអស់ហើយ ប៉ុន្តែកូនភរិយាទី២ ចំនួន៧នាក់ មិនទាន់រៀបចំ ទុកដាក់ឲ្យមានគូស្រករនៅឡើយទេ។ ផ្ទះរបស់លោកបច្ចុប្បន្នស្ថិតក្នុងភូមិ៦ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញរាជធានី ភ្នំពេញ (ខាងក្រោយ សណ្ឋាគារភ្នំពេញ ផ្លូវចូលតាមវិហារចាម តំបន់បឹងកក់) ។
| មរណភាព |
លោកធ្លាក់ខ្លួនឈឺ ពីឆ្នាំ២០០៧ ដំបូងឡើង លោកមានជំងឺទឹកនោមផ្អែម ប៉ុន្តែមិនទាន់ធ្ងន់ធ្ងរនោះទេ ។ នៅចុងឆ្នាំ២០១០ លោកចាប់ផ្ដើមធ្លាក់ខ្លួនឈឺកាន់តែខ្លាំង រហូតដល់ងើបពីកន្ទេលមិនរួច និងវង្វេងស្មារតី ។ ជំងឺរបស់លោក កាន់តែមានច្រើនមុខ ក្នុងនោះមានដូចជារលាកថ្លើម បូសថ្លើម រលាកទងប្រមាត់ ជាដើម។ លោកធ្លាប់ចូលបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកេតុមាលា ចំនួន៤លើក ។ ដោយជីវភាពមានការខ្វះខាត មិនមានលទ្ធភាពសម្រាកនៅក្នុងមន្ទីរពេទ្យ លោកត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅផ្ទះវិញ ។
ក្នុងរយៈពេលមួយសប្ដាហ៍នេះ លោកមិនអាចពិសាអាហារកើតនោះទេ គឺពិសាបានតែទឹកបន្តិចបន្តួចប៉ុណ្ណោះ ។ នៅម៉ោង ៥ព្រឹកថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១២ លោកបានទទួលមរណភាព ។ នៅម៉ោង៣ រៀលថ្ងៃ ចន្ទ ទី១១ ខែ មិថុនា ឆ្នាំ ២០១២ សពរបស់លោក ក្រុមគ្រួសារបានដង្ហែយកទៅបូជាក្នុងវត្ត ទួលសង្កែ ដែលស្ថិតក្នុង សង្កាត់ទួលសង្កែ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ។
| ព័ត៌មានទាក់ទង |